ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បត៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណវត្តកណ្ដាល ទីរួមស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាសាធារណៈ និងការចុះជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកភ្នំស្រុក ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម សេរី បណ្ឌិត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សៅ នី ទីប្រឹក្សារាជរដ្ឋាភិបាល
លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក និងប្រជាពលរដ្ឋមកពីឃុំទាំង ៦ ក្នុងស្រុកភ្នំស្រុកជាច្រើនរូបទៀត។
វេទិកានេះមានគោលបំណង គឺដេីម្បីដោះស្រាយបញ្ហា ប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន និងមានលទ្ធផលរំពឹងទុក ដេីម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ និងសហការជំរុញ លេីកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។